ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕