ឡូវ៉ា (អាមេរិក) ៖ យុវសិស្សម្នាក់ បានដកកាំភ្លើងបាញ់សិស្សក្នុងវិទ្យាល័យមួយ ក្នុងរដ្ឋឡូវ៉ា ( Iowa) សហរដ្ឋអាមេរិក បណ្តាលស្លាប់ ចំនួន ៦នាក់ រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅថ្ងៃបវេសនកាលដំបូង ដែលសិស្សចូលរៀនវិញ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលឆ្នាំចាស់។តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៧:៣៧នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចវិទ្យាល័យ ភើររី (Perry High School) ហើយក្រោយ កើតហេតុតែប៉ុន្មាននាទី មន្រ្តីប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ។
លោក មីតឆ៍ ម៉តវេដថ៍ (Mitch Mortvedt) ជំនួយការប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋឡូវ៉ា បាន និយាយថា ក្រុមមន្ត្រីបានទប់ស្កាត់ឧប្បត្តិហេតុនេះ យ៉ាងឆាប់រហ័ស ហើយបានរកឃើញជនសង្ស័យម្នាក់មាន ស្នាមកាំភ្លើងបាញ់ខ្លួនឯង។
ជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះ ឌីឡាន បាត់ឡឺ (Dylan Butler) អាយុ ១៧ឆ្នាំ មុខរបរសិស្ស ប្រដាប់ ដោយកាំភ្លើងខ្លី ១ដើម និងគ្រាប់កាំភ្លើង មួយចំនួន។ ចំណែកជនរងគ្រោះ ៦នាក់ ដែលត្រូវបានបាញ់សម្លាប់ នោះ មាន៥នាក់ ជាសិស្ស និងម្នាក់ទៀត ជាអ្នកគ្រប់គ្រងសាលា។ សិស្សដែលស្លាប់ កំពុងសិក្សានៅថ្នាក់ទី៦ មានអាយុពី ១១ទៅ១២ឆ្នាំ របួស៥នាក់ របួសធ្ងន់ម្នាក់ និង៤នាក់ ស្ថិតក្នុងស្ថានភាពមិនប្រក្រតី ។
មន្ត្រីប៉ូលិស បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកព្រលឹម មានសិស្ស និងគ្រូបង្រៀនតិចតួច នៅក្នុងអគារ ធ្វើឱ្យការបាត់បង់មិនធ្ងន់ធ្ងរខ្លាំង។
ភ្នាក់ងារមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ និងការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម រដ្ឋឡូវ៉ា កំពុងស៊ើបអង្កេតករណីនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទទួលព័ត៌មានសង្ខេបអំពីឧប្បត្តិ ហេតុបាញ់ ប្រហារនៅក្នុងវិទ្យាល័យខាងលើ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួ សារជនរងគ្រោះ ហើយលោកបានទាក់ទងទៅការិយាល័យអភិបាលរដ្ឋឡូវ៉ា ឲ្យធ្វើការស៊ើបអង្កេតករណី នេះជាបន្ទាន់។
គួរបញ្ជាក់ថា ទីក្រុងភែរី មានប្រជាជនតិចជាង ១០ ០០០នាក់ ហើយមានទីតាំងនៅចម្ងាយ 1.5 ម៉ៃល៍ ពីរដ្ឋដេសម៉នស៍ (Des Moines) ឬចម្ងាយប្រហែល ៤០ម៉ៃល៍ (64គីឡូម៉ែត្រ) ភាគពាយព្យនៃទីក្រុងឡូវ៉ា ។ ការបាញ់ប្រហារបានកើតឡើងប៉ុន្មានថ្ងៃ មុនពេលចាប់ផ្តើមនៃសន្និបាតរបស់គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋឡូវ៉ា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលចាប់ផ្តើមដំណើរការជ្រើសរើសដ៏សំខាន់ សម្រាប់ការ បោះឆ្នោតបឋម របស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០២៤៕