វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឆ្នាំ ២០២៤ នេះនឹងរៀបចំឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ក្នុងទីក្រុង Davos ប្រទេសស្វីស ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាមួយនេះផងដែរ ។
កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៅរដូវរងានេះនឹងផ្ដោតលើកិច្ចពិភាក្សាជុំវិញមូលបទ “ការកសាងទំនុកចិត្តឡើងវិញ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាង ២,៨០០ នាក់មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រមាណជា ១២០ ប្រទេស ។
ដូច្នេះអ្វីទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក? បង្កើតឡើងនៅឆ្នាំណា និងដោយអ្នកណា ហើយមានគោលបំណងអ្វី?
មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណូល ឬប្រាក់ចំណេញ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ។
វេទិកាដែលតែងតែរៀបចំឡើងនៅខែមករាក្នុងទីក្រុង Davos ជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ត្រកាល គឺត្រូវបានកកើត និងលេចរូបរាងឡើងក្នុងឆ្នាំ ១៩៧១ ក្រោមគំនិតនឹកឃើញរបស់លោក Klaus Schwab ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចជនជាតិអាល្លឺម៉ងប្រចាំនៅសកលវិទ្យាល័យហ្សឺណែវ ។
ចំណែកគោលបំណងដែលសេដ្ឋវិទូជនជាតិអាល្លឺម៉ង់បង្កើតវេទិកានេះឡើង គឺដើម្បីរិះរកការជំរុញស្មារតីនៃភាពជាសហគ្រិន ក៏ដូចជាសហការគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗលើសកលលោក រួមទាំងជំរុញវិស័យពាណិជ្ជកម្ម នយោបាយ និងរៀបចំរបៀបវារៈនៃកិច្ចប្រជុំផ្ដោតលើវិស័យឧស្សាហកម្មថ្នាក់តំបន់ និងពិភពលោកជាដើម ។
ទន្ទឹមនោះ វេទិកាមួយនេះក៏បានចាប់កំណើតឡើង នៅពេលដែលលោក Schwab បានធ្វើការអញ្ជើញនាយកប្រតិបត្តិមកពីក្រុមហ៊ុននៅអឺរ៉ុបខាងលិចជិត ៤៥០ ទៅកាន់រមណីយដ្ឋានជិះស្គីដ៏តូចមួយក្នុងទីក្រុង Davos ដើម្បីបង្ហាញពីបំណងនៃការអនុវត្តរបៀបនៃការគ្រប់គ្រងក្រុមហ៊ុនតាមបែបអាមេរិកទៅដល់បណ្ដាក្រុមហ៊ុននៅអឺរ៉ុប ។
តើប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាឥស្សរជនជាន់ខ្ពស់រូបណាខ្លះនឹងមានវត្តមានក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ?
កិច្ចប្រជុំប្រចាំឆ្នាំមួយនេះនឹងមានអ្នកចូលរួមប្រមាណ ២,៨០០ នាក់ ក្នុងនោះ ១,៦០០ នាក់ជាមេដឹកនាំអាជីវកម្ម និងជាង ៨០០ នាក់ជានាយកប្រតិបត្តិកំពូលៗរបស់ពិភពលោក ខណៈឥស្សរជនសាធារណៈជាង ៣០០ នាក់ រួមទាំងថ្នាក់ដឹកនាំ និងរដ្ឋាភិបាលជាង ៦០ នាក់ក៏មានវត្តមានក្នុងវេទិកានេះដូចគ្នា ។
ស្របពេលជាមួយគ្នានេះ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៤ នេះ ក៏នឹងមានការចូលរួមពីលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN), លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), លោក Ajay S. Banga ប្រធានក្រុមធនាគារពិភពលោក, លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូផងដែរ ។
ចំណែកក្រៅពីវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វេទិកា WEF ក៏មានការអញ្ជើញចូលពីមេដឹកនាំនយោបាយកំពូលៗផ្សេងទៀតផងដែរដូចជា លោក Li Qiang នាយករដ្ឋមន្ត្រីចិន, ប្រធានាធិបតីបារាំង Emmanuel Macron, លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប, លោក Javier Milei ប្រធានាធិបតីអាហ្សង់ទីន, លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ, លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនផងដែរ ។
នៅមិនទាន់អស់ឡើយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan, លោក Gustavo Francisco Petro Urrego ប្រធានាធិបតីកូឡុំប៊ី, នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis, លោក Mohammed Shyaa Al Sudani នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ រួមជាមួយមេដឹកនាំដទៃទៀតក៏នឹងអញ្ជើញចូលរួមវេទិកានេះដូចគ្នា ។
គួរបញ្ជាក់ថា កិច្ចប្រជុំឆ្នាំនេះក៏នឹងធ្វើការដោះស្រាយការវិវឌ្ឍន៍ចុងក្រោយបង្អស់របស់ពិភពលោក ក៏ដូចជាស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែងដើម្បីសម្រេចកិច្ចសហប្រតិបត្តិការដែលចាំបាច់ទាំងអស់សម្រាប់ជំរុញភាពធន់ និងសន្តិសុខពិភពលោក ៕