ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដោយមានការរៀបចំដោយលោក ឈឺន សុជាតិ ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ ត្រូវផ្តល់នូវប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដើម្បីបានទទួលសេវាព្យាបាល និងពិនិត្យសុខភាពដោយពុំចាំបាច់ចំណាយថវិកា នៅតាមគ្រប់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។
ឆ្លើយតបនឹងតម្រូវការដ៏មានសារៈសំខាន់នេះ សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងអាជ្ញាធរ បានចុះតាមមូលដ្ឋានដើម្បីពាំនាំអំពីអត្ថប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋក្រីក្រ និងសម្របសម្រួលក្នុងការធ្វើប័ណ្ណសមធម៌ដើម្បីអោយប្រជាពលរដ្ឋក្រីក្រទាំងនោះទទួលបានការព្យាបាលជម្ងឺ និងថែរទាំសុខភាពដោយមិនអស់សេវាព្យាបាល កំឡុងពេលពួកគាត់មានជម្ងឺឈឺស្ងាត់ និងពិនិត្យសុខភាពផ្សេងៗ។
បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសមាគម និងអាជ្ញាធរមូលដ្ឋានក្នុងពិធីចែកប័ណ្ណសមធម៌នេះ ប្រជាពលរដ្ឋទាំង៤០នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជាពិសេសប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជាមួយពួកគាត់ និងប្រជាលរដ្ឋទូទៅ៕
តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews
សម្រាប់ការផ្តល់ព័ត៌មាន៖ https://t.me/Khmerbasaknewstv24h