សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ


ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជា​ពល​រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការ​បង្ហាញ​ស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេង​ក្នុងការ​ប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឱ្យ​កម្ពុជា​ធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្គ្រាម ជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនា​ខ្លោចផ្សា​ជា​ទីបំផុត។ ប្រជាជន ដែលនឿយណាយនិងសង្រ្គាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសា​ធារ​ណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះយកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឲ្យសង្រ្គាមត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបានរលាយសាបសូន្យក្រោយពេលរបបថ្មីបានដាក់ចេញគោលនយោបាយ បណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។

ប្រជាពលរដ្ឋត្រូវបានដាក់ឱ្យរស់នៅ និងធ្វើការជាក្រុមជាសហករនៅតាមទីជនបទ និងបង្ខំឱ្យស៊ីរួមដេករួម ព្រមទាំងបង្ខំឲ្យធ្វើការងារហួសកម្លាំងពន់ពេកប្រមាណ ហូបចុកមិនគ្រប់ទីបំផុតប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ត្រូវបានស្លាប់ ដែលក្នុងនោះមួយចំនួនធំ ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ថាជាជនក្បត់អង្គការ។

ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួបរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើមប្រទេសចេញពីកណ្តាប់​ដៃរបស់ ប៉ុលពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា មានឱកាសរើបម្រាស់ និងឈានជើងជាបន្តបន្ទាប់រហូតផ្តើម​មានកិច្ចចរចាស្វែងរកសន្តិភាពរវាងសម្តេចព្រះមុខរដ្ឋ នរោត្តម សីហនុ និងបុរសរដ្ឋសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការចរចាក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌូននេស៊ី និងប្រទេសបារាំងផងនោះ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងខ្មែរគ្រប់ជម្លោះ (រដ្ឋាភិបាលរដ្ឋកម្ពុជា និង ចលនាកងទ័ពក្នុងព្រៃជាយ​ដែន​ត្រីភាគី) ត្រូវបានសម្រេចចេញជារូបរៀង ២៣ តុលា ១៩៩១។

កិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឱ្យកម្ពុជាបង្កើតបានជាថ្មីនូវព្រះរាជាណាចក្រកម្ពុជា និងយាង​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ឱ្យមកគង់ប្រថាប់ក្នុងប្រទេសកម្ពុជាជាថ្មី។ បើទោះបីកម្ពុជាទទួលបាន​កិច្ច​ព្រមព្រៀង​សន្តិភាពក្រុងប៉ារីស និងវត្តមានកងទ័ពអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីសម្របសម្រួល​បញ្ចប់សង្គ្រាម ស្វែងរក​សន្តិភាពដោយចំណាយលុយជាង ២ពាន់លានដុល្លារ តែសង្រ្គាមតាមទល់​ដែន​មិន​អាចបញ្ចប់ទាំងស្រុងនោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហម ដែលសេសសល់នៅតាមទល់ដែនថៃក្នុង​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន មិនព្រមគោរពនូវកិច្ចព្រមព្រៀងនេះឡើយ ហើយតែងបង្កឲ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់។

ទីបំផុតតាមរយៈនយោបាយឈ្នះឈ្នះ របស់បុរសខ្លាំងតេជោ សែន បានយកជីវិតជាដើមទុនប្រថុយចូល​ជំរុំ​គូប្រយុទ្ធចរចាជាមួយមេដឹកនាំខ្មែរក្រហមក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចរចាយក​កងទ័​ព​ខ្មែរ​ក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងបានបិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ក្រោយបិទបញ្ចប់សង្គ្រាមទាំងស្រុងនេះ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសយ៉ាងពេញលេញ ហើយធ្វើឱ្យភាពរីកចម្រើនបានលូតលាស់ជាបន្តបន្ទាប់ផងដែរ។ បច្ចុប្បន្នក្រោមម្លប់សន្តិភាពកម្ពុជា ទទួលបានទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើន។ មុនពេលការរាតត្បាតជំងឺកូវីដ១៩ កម្ពុជារក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។ បន្ថែមពីលើនោះសមិទ្ធផលជាតិជាច្រើនត្រូវរំលេចឡើងប្រកបដោយភាពរីករាយ និងមោទនភាព។

៤៥ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយទៅជាប្រទេសមាន​មុខមាត់​ថ្មី​តាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែ​ក្លាយ​ពីប្រទេស​មានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦​លាន​នាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចជាង ២៤ពាន់​លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ១៥០០ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះ​ដូរពា​ណិជ្ជ​កម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារ ជាមួយការនាំចេញជាង ១២ពាន់​លានដុល្លារ, ប្រទេសគ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគ​ពីខាងក្រៅប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការ​បណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជា ដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរជាង ៦លាននាក់ក្នុងមួយឆ្នាំ។

កម្ពុជាបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនា​ពេលបច្ចុប្បន្ន ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ដែលធ្លាប់តែជាប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ៕

តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews


Next Post

តាមរយះសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ប្រជាពលរដ្ឋក្រីក្រប្រមាណ១០០នាក់ ទទួលបានប័ណ្ណសមធម៌នៅសាលាសង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ

Mon Jan 8 , 2024
Share on Facebook Tweet it Share on Reddit Email Total 0 Shares Share 0 Tweet 0 Share 0 ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ និង០០នាទីរសៀល លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវប័ណ្ណសមធ៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដោយមានការរៀបចំដោយលោក ភឿង សុធា ប្រធានក្រុមការងារសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងក្រុមការងារ និងមានការសម្របសម្រួលដោយលោក ស៉ឺន បញ្ញា ព្រមទាំងមានការសហការពីអាជ្ញាធរមូលដ្ឋាន គឺ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅស្ថិតនោសាលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ Pin it Pin it […]

អត្ថបទទាក់ទង

ព័ត៌មានទាន់ហេតុការណ៍

សារព័ត៌មាន ខ្មែរបាសាក់

ទស្សនៈវិស័យ

អង្គភាពសារព័ត៌មាន ខ្មែរបាសាក់ មានទស្សនវិស័យ និងគោលដៅ បម្រើផលប្រយោជន៍ដល់សង្គមជាតិតាមរយះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទៅក្នុងសង្គមឲ្យបានដឹងដល់សាធារណៈជននូវព័ត៌មានទាន់ហេតុការណ៍ សន្តិសុខសង្គម ព្រឹត្តិការណ៍ជាតិសំខាន់ៗ ព័ត៌មានជាតិ អន្តរជាតិ ព័ត៌មានកីឡា សិល្បះ វប្បធម៌ ចំណេះដឹង សាសនា និងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្សព្វផ្សាយសេវាសាធារណះផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ផ្តល់នូវដំណឹងរបស់ប្រជាពលរដ្ឋដែលមានទុកលំបាកបានដឹងដល់រាជរដ្ឋាភិបាលតាមរយៈការផ្សព្វផ្សាយរបស់អង្គភាព។ ជួយផ្សព្វផ្សាយអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់ឲ្យដល់ដឹងដល់មហាជន និងថ្នាក់ដឹកនាំ។

Total
0
Share