ភ្នំពេញ ៖ លោកអ៊ិន សុផារ៉ា តារាចម្រៀងនាទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានមហាជនស្គាល់ និងចងចាំ តាមរយៈបទចម្រៀងជាច្រើនបទ ដែលលោកបាននិពន្ធនិងច្រៀងដោយខ្លួនឯង ពិសេសបទ “បណ្តាំទួលស្លែង” បច្ចុប្បន្ននេះ ពេលនេះវ័យចាស់ បានធ្លាក់ខ្លួនក្រ ជួលផ្ទះគេរស់នៅ ជាមួយភរិយា ដោយលោកដើររើស និងទិញ-លក់អេតចាយ ចំណែកប្រពន្ធដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។
លោកអ៊ិន សុផារ៉ា ម្ចាស់បទ “បណ្តាំទួលស្លែង” ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានរៀបរាប់ថា សព្វថ្ងៃនេះ លោកដើររើសនិងទិញ-លក់អេតចាយ ចំណែកប្រពន្ធលោក ដើរស៊ីឈ្នួលលាងចានឱ្យគេ តាមហាង ដើម្បី បានកម្រៃខ្លះៗមកដោះស្រាយជីវភាពប្រចាំថ្ងៃ បង់ថ្លៃទឹក ភ្លើង និងថ្លៃបន្ទប់ជួល ជាដើម ដោយសារគ្មានដីធ្លី ផ្ទះសម្បែងផ្ទាល់ខ្លួន។
លោកអ៊ិន សុផារ៉ា បានបញ្ជាក់ថា បន្ទប់ដែលលោកជួលស្នាក់នៅ ២នាក់ប្តីប្រពន្ធ ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ មានតម្លៃ ៤០ដុល្លារ ក្នុងមួយខែ និងត្រូវបង់ថ្លៃទឹក ភ្លើងប្រមាណ ២ទៅ៣ម៉ឺនរៀលទៀត ដូច្នេះ លោកត្រូវចំណាយប្រមាណ ៥០ដុល្លារ ក្នុងមួយខែ ដោយមិនរាប់បញ្ចូលការហូបចុក និងឈឺថ្កាត់នៅឡើយ ដោយសារតែប្តីប្រពន្ធគាត់សព្វថ្ងៃ វ័យកាន់តែចាស់ សុខភាពក៏កាន់តែទ្រុឌទ្រោមដែរ។
លោកអ៊ិន សុផារ៉ា បានឱ្យដឹងថា កន្លងមក កូនស្រីពៅរបស់លោក (ក្នុងចំណោមកូន៥នាក់) បានធ្លាក់ខ្លួនឈឺ ត្រូវព្យាបាលនិងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលប្រមាណ ៣ខែទៅ៤ខែ ប៉ុន្តែជាលទ្ធ ផលជំងឺកូនស្រីលោក ព្យាបាលមិនជា រហូតដល់បាត់បង់ ជីវិត។ ចំណែករូបលោក ក៏មានជំងឺប្រចាំកាយដែរ គឺជំងឺលើសឈាម ត្រូវចំណាយទិញថ្នាំព្យាបាលជាប្រចាំផងដែរ។
លោកអ៊ិន សុផារ៉ា បានបន្ថែមថា ហើយអ្វីដែលកាន់តែធ្វើឱ្យគ្រួសារលោកធ្លាក់ដុនដាបខ្លាំងនោះ គឺដោយសារ កាលពីពេលកន្លងទៅ លោកបានបង់រលស់ដី រំពឹងថាអាចមានដីសម្រាប់សង់ផ្ទះ ជ្រកកោននឹងគេ ដឹងអីបែរ ជាប៉ះចំដីខ្យល់ ទើបធ្វើឱ្យគ្រួសារលោកត្រូវធ្លាក់ខ្លួនមករស់ក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ ដូចសព្វថ្ងៃនេះ។ប្រឈមនឹងស្ថានភាពជីវភាពកំពុងតែយ៉ាប់យ៉ឺនបែបនេះ លោកអ៊ិន សុផារ៉ា បានអំពាវនាវដល់ សប្បុរសជន និងអ្នកដែលធ្លាប់ស្គាល់រូបលោក និងសិល្បករ សិល្បការិនី មេត្តាជួយដល់រូបលោកផង ដោយលោកមាន បំណងប្រាថ្នាចង់បានដី ១ដុំ សម្រាប់សង់ខ្ទមរស់នៅ និងដាំ ដំណាំ ចិញ្ចឹមមាន់ទា ទុកគ្រាន់កំដរជីវិតចុងក្រោយ ២នាក់តាយាយ៕