វិស័យអប់រំ ពិតជាសំខាន់ណាស់ ទៅាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឲ្យសង្គម និងប្រទេសជាតិយើងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ អ្វីដែលសំខាន់ត្រូវបណ្តុះបណ្តាល និងកសាងនូវចំណេះដឹងក្នុងសង្គមជាមុនសិន ។
ក្រលេកមកមើលវិស័យអប់រំនៃពុទ្ធិកសិក្សាបច្ចុប្បន្ន នៅកម្ពុជាក្រោម ផ្ដោតសំខាន់តែទៅលើការរៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងធម៌អាថ៌ ។ សាលាពុទ្ធិកសិក្សា គឺជាថ្នាលបណ្ដុះនូវចំណេះដឹងផ្សេងៗ សម្រាប់អ្នកបួស ឬបព្វជិតក្នុងព្រះពុទ្ធសាសនា ដើម្បីបានយល់ដឹងអំពីពុទ្ធវចនៈ ឬពាក្យទូន្មានអប់រំទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ។ ជាពិសេស បណ្ដុះបណ្ដាលកុលបុត្រខ្មែរក្រោម ដែលបួសជាសង្ឃ ចូលមកសិក្សាផ្លូវពុទ្ធចក្រ និងលុបបំបាត់គ្រោះអនក្ខរភាព នៅក្នុងសង្គមកម្ពុជាក្រោម ដើម្បីចូលរួមចំណែកលើកកម្ពស់ភាសាជាតិ និងតម្លៃព្រះពុទ្ធសាសនា ។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំផ្នែកពុទ្ធិក នៅដែនដីកម្ពុជាក្រោម មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ដោយមានព្រះសង្ឃ ជាពិសេសយុវ័ន យុវតី កុមារជាច្រើន បានចូលមករៀនសូត្រ ក្រោយពីវ៉ាកងពីសាលារដ្ឋរយៈពេល ៣ ខែ ។
កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ស្ថិតក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ ដែលមានឈ្មោះថា «សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ» ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៥ ដោយព្រះតេជព្រះគុណ សឺង វង់ (Son Vong) អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ។ សមាគមមួយនេះ ដើរតួនាទីបណ្ដុះបណ្ដាលវិស័យអប់រំដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម បានសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ៕
ដោយឡែក នៅមណ្ឌលប្រឡងវត្តស្វាយសៀមថ្មី មានកម្មវិធីប្រលងថ្នាក់ពុទ្ធិកមធ្យមសិក្សាឋមភូមិឆ្នាំទី១ ទី២ ទី៣ ទូទាំងស្រុកថ្កូវ ។
ដោយទូទាំងស្រុកថ្កូវ មាន៣៧វត្ត ក្នុងនោះមាន ២៩ វត្តចូលរួម ហើយបន្ទប់ដែលបានបើកសាលាមាន៤៩បន្ទប់
ឆ្នាំទី១ មាន ៤៧០ អង្គនិងរូប
ទី២ មាន ២២១ អង្គនិងរូប
ទី៣ មាន ១៥០ អង្គនិងរូប រួមទាំងអស់ ៨៣២ អង្គនិងរូប ដោយមិនគិតគណៈកម្មការមេប្រយោគ។
កម្មវិធីប្រលងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី១ ទី២ ទី៣ ទូទាំងស្រុកថ្កូវ ខេត្តត្រាវិញ(ព្រះត្រពាំង) ប្រព្រឹត្តទៅ នាថ្ងៃ ៩ – ១០ – ១១ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ១៩ – ២០ – ២១ ខែមករា គ.ស.២០២៤ ។