ដើម្បីរំលឹកគុណបំណាច់ដ៏ធំធេងនូវបាយបាតដែលពុទ្ធបរិស័ទខ្មែរក្រោម ដែលបានដាក់ប្រគេន ដល់ព្រះសង្ឃ ដើម្បីបានដល់ព្រះសង្ឃ និងកូនសិស្សលោក ដែលជាកូនអ្នកស្រុកភូមិមកបួសរៀនតាមវត្តខ្មែរក្រោមបានឆាន់ និងហូបគ្រប់គ្រាន់ដើម្បីគង់ស្នាក់ និងរស់នៅ សម្រាប់ការសិក្សាររៀនសូត្រ រហូតបច្ចុប្បន្ន មានព្រះសង្ឃ និងកូនអ្នកស្រុកមកពីកម្ពុជាក្រោមជាច្រើនបានមានចំណេះដឹង ក្លាយជានិស្សិត បញ្ញវន្ត និងជាធនធានដ៏ល្អនៅក្នុងសង្គម ។
សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកសារព័ត៌មាន ខ្មែរបាសាក់ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធី [ជំនួបនិស្សិត បញ្ញវន្តខ្មែរក្រោម និងសប្បុរសជន] ក្រោមប្រធានបទ ការចូលរួមជាភាតរភាព ជាកម្លាំងចលករលើកកម្ពស់ការអប់រំរបស់យុវជនខ្មែរក្រោម ដែលដឹកនាំរៀបចំដោយព្រះតេជគុណ ចៅ រេន ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ រាជបណ្ឌិតសភាកម្ពុជា អគារខេមរវិទូ ជាន់ទី២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងកម្មវិធីនេះ ឃើញមានវត្តមានព្រះតេជគុណគ្រប់ព្រះអង្គនិមន្តគង់ជាគណអធិបតី និងនិមន្តអញ្ជើញចូលរួមក្នុងកម្មវិធី និងមានវត្តមានឯកឧត្តម ឧកញ៉ា លោកជំទាវ លោក/លោកស្រី ភ្ញៀវកិត្តិយស និងនិស្សិតបញ្ញវន្តនិងសប្បុរសជន ជាច្រើនបានចូលរួមយ៉ាងក្រោមកុះករ។
វត្តមានព្រះតេជគុណ ឯកឧត្តម ឧកញ៉ា លោកជំទាវភ្ញៀកិត្តិយស និស្សិតបញ្ញវន្ត សប្បុរសជនទាំងអស់សុទ្ធសឹងជាបងប្អូនខ្មែរកម្ពុជាក្រោម ដែលបានរួមរស់ និងឆ្លងកាត់ នូវការសាមគ្គី ការសិក្សារៀនសូត្រ និងការរួមរស់ជាមួយនឹងសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបង្កើតឡើងរយះពេល១១ឆ្នាំហើយ ហើយជារៀងរាល់ឆ្នាំតែងតែប្រារព្ធនូវពិធី ជំនួបនិស្សិតបញ្ញវន្តខ្មែរក្រោម និងសប្បុរសជននេះម្តង។ ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ១៩ ការជួបជុំត្រូវបានអាក់ខាន ទើបតែប្រព្រឹត្តទៅកាលពីឆ្នាំកន្លងទៅ តែដោយសារវិបត្តិសេដ្ឋកិច្ចកម្មវិធីក៏ពុំដំណើរការបានល្អដែរ ទើបតែការជួបជុំនៅថ្ងៃទី៣០ ធ្នូ នេះទើបកម្មវិធីមានដំណើរការល្អ និងពោពេញដោយស្នាមញញឹម និងភាពសាមគ្គីល្អ។
តាមដានព័ត៌មាន៖ https://t.me/Khmersbasaknews
សម្រាប់ការផ្តល់ព័ត៌មានទូទៅ៖ https://t.me/Khmerbasaknewstv24h